Actor's avatar

PICHDOLLA SOM

Jul 22, 2020

Cambodia Essay Contest for Young People

Nov 1, 2020·Nov 1, 2030
0

អំពីក្រុមការងារ

ចំពោះគម្រោងមួយនេះ ក្រុមការងាមានសមាជិក៦រូប (នារី៣រូប បុរស៣រូប) ជានិស្សិតខ្មែរកំពុងបន្តការសិក្សានៅ៤ប្រទេសផ្សេងគ្នា រួមមាននៅកម្ពុជា ចិន ហ្វាងឡង់ និង ជប៉ុន។ ពួកយើងរួមគ្នាបង្កើតគម្រោងនេះ ក្នុងគោលបំណងចូលរួមលើកម្ពស់ការបណ្ដុះបណ្ដាល ធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជាក្នុងនាមយើងខ្ញុំជាសិស្សនិស្សិតដែលបានមកសិក្សានៅ បរទេស។ ម្យ៉ាងវិញទៀត មូលហេតុនៃការជ្រើសរើសសមាជិកមកពីប្រទេសផ្សេងគ្នា ព្រោះថាម្នាក់ៗអាចនឹងមានការយល់ដឹងពីសង្គម និងមានបទពិសោធន៍ផ្សេងគ្នាដែលនាំឲ្យការ បន្សំចូលគ្នានៃគំនិតនឹងកាន់តែទូលំទូលាយ។ លើសពីនេះទៀត ការបម្រែបម្រួលនៅក្នុងតំបន់ និងពិភពលោកមិនស្ថិតថេរ ដូចនេះ ការផ្លាស់ប្ដូរពត៌មានគ្នាទៅវិញទៅជុំវិញរបត់នៃសង្គម និងពិភពលោក អាចជួយឲ្យក្រុមការងាររៀបចំកម្មវិធីមួយនេះដើរទាន់សភាពការទាំងនៅក្នុងតំបន់ និងសាកលលោកចាប់ពីឆ្នាំ២០២០នេះទៅអនាគត។

គោលបំណងនៃការបង្កើតកម្មវិធីប្រកួតអត្ថបទខ្លីនេះ

ការប្រកួតអត្ថបទខ្លីនេះនឹងប្រារព្ធធ្វើឡើងជាប្រចាំឆ្នាំ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីទាញយកថាមពលការច្នៃប្រឌិត និងគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការលើកកម្ពស់វប្បធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វាក៏មានគោលបំណងជម្រុញសង្គមឱ្យរៀនពីគំនិត របស់យុវជនវ័យក្មេង និងគិតអំពីរបៀបដែលយើងម្នាក់ៗអាចធ្វើឱ្យមានការផ្លាស់ប្តូរនៅកម្ពុជា និង ពិភពលោក។ គោលបំណងមួយទៀតនៃគម្រោងនេះ គឺចូលរួមលើកកម្ពស់ការបណ្ដុះបណ្ដាល ធនធានមនុស្សនៅកម្ពុជាដែលយើងផ្ដោតលើសិស្សានុសិស្សមានអាយុត្រឹម២០ឆ្នាំចុះក្រោម (សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ)។ មិនតែប៉ុណ្ណោះ ការប្រកួតសំណេរនេះក៏ជួយ សិស្សឲ្យចេះស្វែងយល់ពីសង្គមទូទៅ ភាពឆ្នៃប្រឌិតនៃគំនិត ការលើកកម្ពស់ការតែងនិពន្ធ ការជំរុញទឹកចិត្ត ការតាំងចិត្ត ការពិចារណាវែកញែករកហេតុ និងផលអំពីព្រឹត្តិការណ៍ណាមួយ នៅក្នុងសង្គមទាំងនៅពេលបច្ចុប្បន្ន និងអនាគត អាស្រ័យលើប្រធានបទកម្មវិធីលើកឡើង។ ម្យ៉ាងវិញទៀត ប្រធានបទ(Theme)នឹងធ្វើការផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ ឧទាហរណ៍

- កម្ពុជានៅឆ្នាំ២០៣០ (Cambodia in 2030)

- តួនាទីរបស់វិទ្យាសាស្រ្តក្នុងការធ្វើឲ្យកម្ពុជាល្អប្រសើរ (The role of science in building a better Cambodia)

- ការបង្កើតអនាគតយើងចង់បាន (Creating a future we want)

- ការបង្កើតសង្គមមួយពោរពេញដោយអំពើល្អ (Creating a society full of kindness)

ហើយក្នុងប្រធានបទនីមួយៗ យើងនឹងមានការបង្ហាញផ្លូវនូវគំនិតមួយចំនួនដែលត្រូវឲ្យមានក្នុង សំណេរនោះ។ បន្ថែមពីនេះទៀត ដោយសារការប្រកួតសរសេរអត្ថបទខ្លីនេះធ្វើឡើងផ្ដោតលើ សិស្សបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យទូទាំងប្រទេស នោះការចូលរួមនឹងមានចំនួន ច្រើន ដូចនេះ ក្នុងចំណោមនោះអាចជាអត្ថបទផ្ដល់ចំណេះដឹងដល់អ្នកអាន អត្ថបទលើកទឹកចិត្ត អត្ថបទបង្កើតទ្រឹស្ដីថ្មី អត្ថបទនិយាយពីយុទ្ធការសម្រាប់ដោះស្រាយវិបត្តិណាមួយដែលត្រូវមាន ការរុញច្រានគំនិតនោះទៅជាការពិតដោយស្ថាប័នរដ្ឋឬឯកជនណាមួយ។ ដោយឈរលើរូបភាព នេះ កម្មវិធីនេះបានរួមចំណែកដល់ការបណ្ដុះបណ្ដាលចិត្តគំនិតយុវជនជាទំពាំស្នងឬស្សី និងបាន ប្រមូលនូវគំនិតល្អៗសម្រាប់មកអនុវត្តន៍ជាក់ស្ដែងក្នុងសង្គមផងដែរ។

ដំណើរការរៀបចំកម្មវិធី

កម្មវិធីនឹងប្រារព្ធឡើងជារៀងរាល់ឆ្នាំ បើកពាក្យនៅដើមខែវិច្ឆិកា និងផុតកំណត់ចុងខែធ្នូ (រយៈពេល២ខែ) ដែលត្រូវនឹងដើមឆ្នាំសិក្សាថ្មី សិស្សមានពេលវេលាចូលរួម ហើយការប្រកាស លទ្ធផលនៅចុងខែមករានៃឆ្នាំបន្ទាប់។ ចំណែកដំណើរការប្រព្រឹត្តិទៅតាមប្រព័ន្ធអ៊ីនធីណេត តាមរយៈវែបសាយផ្លូវការមួយនឹងត្រូវបង្កើតឡើង។

- លក្ខខណ្ឌចូលរួម

១. មានអាយុត្រឹម២០ឆ្នាំចុះក្រោម
២. សរសេរជាភាសាខ្មែរ ឬ អង់គ្លេស (៩០០ពាក្យសម្រាប់ភាសាខ្មែរ ៧០០ពាក្យ សម្រាប់ភាសាអង់គ្លេស)
៣. ត្រូវតែជាអត្ថបទដែលបង្កើតឡើងថ្មីមិនចម្លងពីគេ
(មានលក្ខខណ្ឌលំអិតបន្ថែមទៀត)

- ចំនួនជ័យលាភី និង រង្វាន់

១ ជ័យលាភីលេខ១ ចំនួន១នាក់ ទទួលបានសញ្ញាបត្រនៃការកោតសរសើរមួយ

ប្រាក់រង្វាន់ ៨០០ ០០០រៀល និងរង្វាន់អនុស្សាវរីយ៍

២ ជ័យលាភីលេខ២ ចំនួន២នាក់ ដែលម្នាក់ៗទទួលបានសញ្ញាបត្រនៃការកោតសរសើរមួយ ប្រាក់រង្វាន់ ៤០០ ០០០រៀល និងរង្វាន់អនុស្សាវរីយ៍

៣ ជ័យលាភីលេខ៣ ចំនួន៣នាក់ ដែលម្នាក់ៗទទួលបានសញ្ញាបត្រនៃការកោតសរសើរមួយ

ប្រាក់រង្វាន់ ២០០ ០០០រៀល និងរង្វាន់អនុស្សាវរីយ៍

ជ័យលាភីកេត្តិយស ចំនួន១០នាក់ ដែលម្នាក់ទទួលបានសញ្ញាបត្រនៃការកោតសរសើរ និង រង្វាន់អនុស្សាវរីយ៍
(សរុប ១៦នាក់) ហើយអត្ថបទអ្នកទទួលបានចំណាត់ថ្នាក់ទាំង៦នាក់នឹងត្រូវចុះផ្សាយជាសាធារណៈលើគេហទំព័រ ផ្លូវការ និងដៃគូប្រព័ន្ធផ្សព្វផ្សាយ។

គម្រោងនៅពេលអនាគត

គម្រោងមួយនេះនឹងអាចវិវឌ្ឍន៍ប្រសើរជាងនេះ ដោយបង្កើនអាយុអ្នកចូលរួម ហើយចែកចេញជា២ប្រភេទគឺវ័យកុមារ និង យុវជននៅឆ្នាំ២០២៤។

ផលវិបាក

យើងមានបញ្ហាបន្ដិចបន្ដួចអំពីការជួបប្រជុំគ្នាផ្ទាល់ និងការពិនិត្យអត្ថបទ ប៉ុន្ដែ ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នអាចសម្រួលបញ្ហានេះបាន។

Share:

0 Comment

Please Login or Register to comment on this page.